កងកម្លាំងថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រលើព្រះសង្ឃនិងពលរដ្ឋខ្មែរ

ព្រះសង្ឃ ទាហាន និងពលរដ្ឋខ្មែរជាច្រើននាក់បានរងរបួស បន្ទាប់ពីក្រុមទាហាននិងប៉ូលិសថៃ ប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់ជំពាម បាញ់ប្រហារមកលើក្រុមពលរដ្ឋខ្មែរ ដែលលើកគ្នាតវ៉ារារាំងការរាយបន្លាលួសជាថ្មីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញានេះ។

ក្រុម​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​សន្លប់​បាត់​ស្មារតី​ដោយសារ​ត្រូវ​ផ្សែង​បង្ហូរ​ទឹក​ភ្នែក និង​ទាហាន​ខ្មែរ​ម្នាក់​ដែល​របួស​ធ្ងន់​ត្រង់​ភ្នែក​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​ជ័រ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់ពី​ការ​បង្ក្រាយ​ដោយ​ហិង្សា​ពី ក្រុម​ទាហាន​ថៃ​ប្រដាប់​ដោយ​អាវុធ អម​ដោយ​ក្រុម​ប៉ូលិស​ថៃ​បង្ក្រាប​បាតុកម្ម​ប្រដាប់​ដោយ​ខែល និង​ដំបង។

កងកម្លាំងថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រលើព្រះសង្ឃនិងពលរដ្ឋខ្មែរ ពលរដ្ឋខ្មែរជាច្រើននាក់បានរងរបួស បន្ទាប់ពីក្រុមទាហាននិងប៉ូលិសថៃ ប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់ជំពាម បាញ់មកលើក្រុមពលរដ្ឋខ្មែរ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា បាន​លើកឡើង​នៅ​សន្និសីទ​សារព័ត៌មាន​ថា ក្រុម​ទាហាន​និង​ប៉ូលិស​ថៃ បាន​ប្រើ​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក ជំពាម​បាញ់​គ្រាប់​ឃ្លី និង​គ្រាប់​កាំភ្លើង​ជ័រ រួម​ទាំង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ត្រចៀក​និង​ខួរ​ក្បាល ដើម្បី​បង្ក្រាប​មក​លើ​ក្រុម​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ ដែល​លើក​គ្នា​តវ៉ា​រារាំង​ការ​បន្ត​រាយ​បន្លា​លួស​រំលោភ​យក​ដី​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់។ លោក ប៉ែន បូណា បាន​បន្ត​ថា ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ រួម​ទាំង​កង​កម្លាំង​ចម្រុះ​ខ្មែរ​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​បាន​ឈរ​ពាំង​ការពារ​ពលរដ្ឋ បាន​រង​របួស​សរុប​២៤នាក់ ដោយសារ​ការ​បង្ក្រាប​ពី​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ថៃ។ លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​គោរព​បទ​ឈប់​បាញ់ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្ដិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ការ​ព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​ទាំង​ពីរ នៅ​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នាពេល​កន្លង​មក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​សូម​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ថៃ​មក​លើ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ ព្រម​ទាំង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថៃ បញ្ឈប់​ទង្វើ​ឈ្លានពាន និង​អំពើ​ហិង្សា​ទាំង​អស់​នេះ​ជា​បន្ទាន់។

—  លោក ប៉ែន បូណា

ករណី​បង្ក្រាប​ដោយ​ហិង្សា​ពី​ក្រុម​កងកម្លាំង​របស់​ថៃ​នេះ បាន​កើតឡើង​ត្រឹម​រយៈពេល​ខ្លី ក្រោយ​ពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ដឹកនាំ​ដោយ​មន្ត្រី​យោធា​ម៉ាឡេស៊ី បាន​បញ្ចប់​ការ​ចុះ​សង្កេត​ដោយ​ផ្ទាល់ ដើម្បី​ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់ នៅ​ភូមិ​ព្រៃចាន់។

ពាក់ព័ន្ធ​នឹង​ការ​រាយ​បន្លា​លួស​របស់​ទាហាន​ថៃ​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​លោក ផារិនយ៉ា ពោធិសាត់ (Parinya Phothisat) នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែកញ្ញា នៅ​ទីក្រុង​ប៉ោយប៉ែត និង​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​ត្រូវ​រក្សា​ស្ថានភាព​ដើម​នៃ​ព្រំដែន ហើយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ចូល​ទៅ​រស់​នៅ​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ខ្លួន​វិញ រួម​ទាំង​មិន​ត្រូវ​បញ្ជូន​ជនជាតិ​ថៃ​ចូល​មក​កាន់កាប់​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​ជាដើម។

ការ​លើក​ឡើង​នេះ ស្របពេល​សារព័ត៌មាន​ថៃ Khoasod បាន​ចុះ​ផ្សាយ​ថា ទាហាន​ថៃ​គ្រោង​នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ភូមិ​ព្រៃ​ចាន់​និង​ភូមិ​ជោគជ័យ​នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា ដែល​ទាហាន​ថៃ​អះអាង​ថា ជា​ទឹក​ដី​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះកែវ។

ក្រសួង​ការបរទេស​ខ្មែរ​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​ទៅ​មេដឹកនាំ​ពិភព​លោក មាន​ដូច​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​បារាំង​លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​ថៃ គោរព​តាម​បទ​ឈប់​បាញ់​និង​កិច្ចព្រមព្រៀង​កម្ពុជា-ថៃ​ឱ្យ​បាន​ពេញលេញ។

នៅ​ក្នុង​លិខិត​នោះ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ទាហាន​ថៃ​បាន​ពង្រីក​តំបន់​ជម្លោះ ដោយសារ​ការ​រាយ​បន្លាលួស​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិជោគជ័យ ហើយ​បាន​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​២៥​គ្រួសារ​ចេញ​ពី​ផ្ទះសម្បែង រួម​ទាំង​ការ​គំរាម​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួសារ​បន្ថែម​ទៀត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ទៀត​ថា ទាហាន​ថៃ​មាន​បំណង​ប្រើ​កម្លាំង​ដណ្ដើម​យក​ទឹក​ដី​នៅ​ទីតាំង​ចំនួន​១៧​ផ្សេង​ទៀត​ពី​កម្ពុជា គឺ​ចាប់​ពី​ខេត្ត​ពោធិ៍សាត់​ដល់​ខេត្ត​កោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។